រោគសញ្ញាដំបូងរបស់អ្នកមានផ្ទៃពោះ

Sign of pregnancy

រោគសញ្ញាខ្លះអាចស្តែងចេញស្របជាមួយពេលដែលអ្នកបាត់រដូវ ឬ ១ អាទិត្យ ទៅ ២ អាទិត្យ ក្រោយ     មក។​​​​​​ ៧ ភាគ ១០ នៃស្រ្តីមួយចំនួន ចាប់ផ្តើមមានរោគសញ្ញាពេលគភ៌ពួកគាត់មានអាយុ ៦ សប្តាហ៍ ។ បើសិនជាអ្នកមិនបានតាមដាន វដ្តរដូវរបស់អ្នក ឬក៏វដ្តរដូវមាន គំលាតគ្នាឆ្ងាយពីមួយខែ ទៅមួយខែ អ្នកប្រាកដជាមិនច្បាស់ថាថ្ងៃណាដែលជាថ្ងៃដែលត្រូវមករដូវនោះទេ ។ ប៉ុន្តែបើសិនជាអ្នកចាប់ផ្តើមមានរោគសញ្ញាដូចខាងក្រោម មិនមែនស្រ្តីទាំងអស់សុទ្ធតែមានរោគសញ្ញាទាំងអស់ទេ ហើយអ្នកឆ្ងល់ជាហេតុអ្វីបានជាអ្នកមិនទាន់មក​​​ រដូវទៀត ដូច្នេះអ្នកប្រហែលជាអាចមានផ្ទៃពោះ ។ ចូរធ្វើតេស្តទឹកនោមដោយខ្លួនឯង ដើម្បីបញ្ជាក់ឲ្យច្បាស់។

រោគសញ្ញាទាំង ១០

១០- ចាញ់ក្លិនអាហារ
វាជារឿងធម្មតា ដែលស្រ្តីមួយចំនួនគាត់មានអារម្មណ៍ចង់ក្អួត​ ពេលគាត់ធុំក្លិនម្ហូបខ្លះ ឬក្លិនកាហ្វេ ឬក៏ក្លិនមួយចំនួនដែលភ្ញោច រេផ្លិចនៅនឹងបំពង់អាហាររបស់អ្នក ។ វាអាចជាឥទ្ធិពលរំខាន នៃការកើនឡើងភ្លាមៗ នៃកំរិតអ័រម៉ូនអឺសស្រ្តូស៊ែន(estrogen) ក្នុងប្រព័ន្ធរាងកាយរបស់អ្នក ។ ម្យ៉ាងទៀតអ្នកអាចមានអារម្មណ៍ថា ម្ហូបខ្លះដែលអ្នកធ្លាប់តែចូលចិត្តញ៉ាំ វាក្លាយទៅជាម្ហូបដែល​ធ្វើឲ្យអ្នកចង់ក្អួតទៅវិញ ។

៩- អារម្មណ៍ប្រែប្រួល
បំលាស់ប្តូរអ័រម៉ូនធ្វើឲ្យប៉ះពាល់ដល់កំរិតរបស់ Neurotransmitter (សារធាតុគីមីដែល​មានតួនាទីបញ្ជូន ពត៌មានទៅខួរក្បាល) មនុស្សគ្រប់រូបមានការឆ្លើយតបខុសៗគ្នាទៅតាម​ការ​ផ្លាស់ប្តូរនេះ ។ មាតាខ្លះមានអារម្មណ៍រំជើបរំជួលខ្លាំង មានទាំងល្អ និងអាក្រក់ ដូចជាសប្បាយ​ចិត្តខ្លាំង កើតទុក្ខខ្លាំង ហើយមាតាខ្លះ គាត់មានអារម្មណ៍ពិបាកចិត្ត រឺថប់អារម្មណ៍ ។

៨- ហើមពោះ
ការប្រែប្រួលរបស់អ័រម៉ូនក្នុងខ្លួនអ្នក ពេលមានផ្ទៃពោះខែដំបូង អាចធ្វើឲ្យអ្នកមានអារម្មណ៍តឹងពោះ     ស្រដៀងទៅនឹងអារម្មណ៍មុនពេលមករដូវដែរ ។ ដូច្នេះទើបអ្នកមានអារម្មណ៍ថា សំលៀកបំពាក់របស់អ្នករាងចង្អៀត ទោះបីជាស្បូនរបស់អ្នកមិនទាន់ធំក៍ដោយ ។

៧- បត់ជើងតូចញឹកញាប់
ការប្រែប្រួលរបស់អ័រម៉ូន ក៏អាចធ្វើឲ្យមានការកើនឡើងនូវលំហូរឈាមចូលក្នុងតំរងនោម ជាហេតុនាំឲ្យប្លោកនោមរបស់ អ្នកឆាប់ផ្ទុកទឹកនោមពេញ ដូច្នេះ អ្នកក៏ត្រូវបត់ជើងតូច​ញឹកញាប់ ។ រោគសញ្ញានេះអាច កើតមុនប្រាំមួយសប្តាហ៍ ក្នុងអំឡុងពេលត្រីមាសទីមួយ ។

ការបត់ជើងតូចញឹក អាចនឹងបន្ត ឬ មានលក្ខណៈញឹកជាងមុន តាមការវិវត្តន៍របស់គភ៌។ បញ្ហានេះនឹងមានភាពស្មុកស្មាញនៅពេល ដែលការវិវត្តន៍របស់កូន បានដាក់សំពាធលើ ប្លោកនោមរបស់អ្នក ។

៦- ការអស់កំលាំង
ការអស់កំលាំង ងងុយគេង អាចបណ្តាលមកពីការកើនឡើងភ្លាមៗ នៃកំរិតអ័រម៉ូនប្រូសេសស្តេរ៉ូន(progesterone) ម្យ៉ាងទៀតការចាញ់កូន និង ការបត់ជើងតូចញឹកញាប់ពេលយប់ក៏អាចជាមូលហេតុដែរ ។
អ្នកនឹងមានអារម្មណ៍ប្រសើរឡើង នៅពេលអ្នកចូលត្រីមាសទី ២ តែយ៉ាងណាក៏ដោយ អ្នកនឹងមានអារម្មណ៍ថា ហត់នឿយ ពេលដែលអាយុគភ៌កាន់តែច្រើន ព្រោះវាធ្វើឲ្យមានការ​ពិបាកក្នុងការសំរាក ។

៥- សុដន់ ឡើងរឹង និង​ រីកទំហំ
អ្នកមានអារម្មណ៍ថា ឈឺសុដន់ អាចបណ្តាលមកពីការកើនឡើងនៃកំរិតអ័រម៉ូន ការឈឺចាប់ និងការឡើងទំហំសុដន់ វាមានលក្ខណៈស្រដៀងគ្នាទៅនឹងពេលដែលអ្នកមករដូវម្តងៗ។ វានឹងអន់ថយទៅវិញនៅពេលអាយុគភ៌ ចូលដល់ត្រីមាសទី ២ ស្របពេលដែលខ្លួនយើងចាប់​ផ្តើមផ្សាំជាមួយនឹងការផ្លាស់ប្តូររបស់អ័រម៉ូន ។

៤- មានអារម្មណ៍ថាចង់ក្អួត
ចំពោះស្រ្តីខ្លះ មួយខែក្រោយពេលមានផ្ទៃពោះ ទើបស្តែងចេញរោគសញ្ញាចាញ់កូន ផ្ទុយពីអ្នកខ្លះគាត់ចាប់ផ្តើមមានអារម្មណ៍ចាញ់កូន ក្រោយពីការបង្កកំណើត រយៈពេល ១ ទៅ ២ សប្តាហ៍ ។ សភាពនៃការចង់ក្អួត (អាចក្អួត ឬមិនទាន់ក្អួត) អាចស្តែងចេញទាំងពេលព្រឹក ពេលថ្ងៃ និងពេលយប់ ។ ប្រហែលជាពាក់កណ្តាលនៃស្រ្តីមានផ្ទៃពោះដែលមានអារម្មណ៍ចង់​ក្អួត គាត់អាចបាត់ទៅវិញពេលគាត់ចូលដល់ត្រីមាសទី ២ រី ឯអ្នកខ្លះមានរយៈពេលយូរជាង ១ ខែ ។ ស្រ្តីមួយចំនួនតូចគាត់អាចអត់មានរោគសញ្ញាទាំងអស់នេះ ។

៣- ការបាត់រដូវ
បើសិនជារាល់ខែរដូវអ្នកមកទៀងទាត់ ហើយខែនេះអ្នកបាត់រដូវ អ្នកប្រហែលជាសំរេចចិត្តធ្វើតេស្តទឹកនោមមុនពេលអ្នកចាប់អារម្មណ៍ពីរោគសញ្ញាដែលបានរៀបរាប់ខាងលើ ។ ប៉ុន្តែបើសិនជារដូវអ្នកមិនទៀងទាត់ ឬអ្នកមិនបានតាមដានពីវដ្តរដូវអ្នកច្បាស់ ដូចនេះ ការចង់ក្អួត សុដន់ឡើងធំ និង បត់ជើងតូចញឹកញាប់អាចជារោគសញ្ញានៃការមានផ្ទៃពោះ ។

២- មានអារម្មណ៍ថា ក្តៅខ្លួន
បើសិនជាអ្នកធ្វើតារាង អំពីសីតុណ្ហភាពក្នុងខ្លួន ហើយឃើញ កំដៅឡើងរយៈពេល ១៨ ថ្ងៃ ជាប់គ្នា នោះអ្នកប្រាកដជាមានផ្ទៃពោះ ។

១- ភស្តុតាងៈ តេស្តទឹកនោមបញ្ជាក់ថាមានផ្ទៃពោះ
ឧបករណ៍ពិនិត្យទឹកនោមខ្លះ មិនមានលក្ខណៈច្បាស់ ក្នុងការបញ្ជាក់ថាមានផ្ទៃពោះ ឬ​អត់នោះទេ លុះត្រាតែការបាត់រដូវមានរយៈពេលលើសពីមួយអាទិត្យ ។ ដូចនេះ បើសិនជាអ្នកធ្វើតេស្ត ហើយលទ្ធផលឆ្លើយថា គ្មាន អ្នកគួរតែព្យាយាមសាកល្បងធ្វើតេស្តម្តងទៀត នៅ​២ ទៅ ៣ ថ្ងៃក្រោយ ។ ចងចាំថាទារកចាប់ផ្តើមធ្វើការលូតលាស់ មុនពេលដែលអ្នកច្បាស់ថា អ្នកមានផ្ទៃពោះ ដូច្នេះត្រូវថែរក្សាសុខភាពអ្នកក្នុងពេលដែលអ្នករង់ចាំលទ្ធផល។

Comments

Recommend to friends
  • gplus
  • pinterest