new born

សំរាប់មាតាបិតាដំបូង វាជាពេលវេលាដែលគួរអោយរំភើបលាយឡំជាមួយអារម្មណ៍ភ័យព្រួយ​។​ វាប្រហែលជាត្រូវការពេលវេលាខ្លះ ដើម្បីអោយមានចំណងមាតានិង​កូនពិត   បា្រកដ រឺក៏អាចមានអារម្មណ៍ស្រលាញ់ដែលអ្នកមិនអាចគិតដល់។ រយៈពេល២ខែដំបូងគឺជាពេលវេលាលំបាកបំផុត ក្នុងការសំរាកសំរាប់ឪពុក​ម្តាយដំបូង ដូច្នេះបើបានធ្វើការរៀបចំខ្លួនអោយបានច្រើន នោះអ្នកនឹងមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរនេះ។

a. ការធ្វើតេស្តចំពោះទារកដែលទើបនឹងកើត

ជំងឺដែលកូនលោកអ្នកធ្វើតេស្ត ភាគច្រើនសុទ្ធតែមិនទាន់មានសញ្ញាដែលអាចមើលឃើញនៅពេលដែលគេកើតមកភ្លាមនោះទេ។​​ ការតាមដានស្ថានភាពទាន់ពេលវេលាអាចអោយគ្រូ​ពេទ្យធ្វើការព្យាបាលមុនពេលដែលវាអាចបង្កបញ្ហាដល់កូន។​ ការធ្វើតេស្តដំបូងគ្រាន់តែជា​ ការបញ្ជាក់ពីពត៌មានដំបូង ថាតើគួរធ្វើអ្វីបន្តទៀតដើម្បីរករោគវិនិច្ឆ័យមួយដែលពិតប្រាកដ។ ប្រហែលជា1/3 ភាគរយនៃកុមារដែលបានធ្វើតេស្ត បានស្តែងចេញជារោគ​វិនិច្ឆ័យនៃជំងឺអ្វីមួយ​។​

បើសិនជាអ្នកសំរាលកូននៅក្នុងមន្ទីរពេទ្យ នោះបុគ្គលិកពេទ្យគាត់នឹងធ្វើតេស្តត្រចៀក​ បេះដូង និងបូមឈាមសំរាប់ធ្វើតេស្តផ្សេងៗទៀត នៅពេលដែលអ្នកចេញទៅវិញ។ បន្ទាប់មកគាត់​ នឹងបញ្ជូនតេស្តឈាមនោះទៅមន្ទីរពិសោធន៍សុខភាពសាធារណៈសំរាប់វិភាគ ហើយលទ្ធផលនឹង​យកមកមន្ទីរពេទ្យវិញ។  គ្រូពេទ្យគាត់នឹងទូរស័ព្ទបា្រប់អ្នកនៅជំហានបន្ទាប់​ ប្រសិនបើលទ្ធផល​​មាន     បញ្ហា។

បើសិនជាអ្នក​និងកូនអ្នកចេញពីមន្ទីរពេទ្យ ក្នុងរយៈពេល២៤ម៉ោង ក្រោយពី​​សំរាល នោះអ្នកនឹងត្រូវត្រលប់មកវិញ​​នៅអំឡុងពេល១អាទិត្យទៅ២អាទិត្យ ដើម្បីបំពេញនូវតេស្តខ្លះៗ ដែលចាំបាច់ត្រូវតែធ្វើ នេះក៏ព្រោះតែមានរោគសញ្ញាខ្លះមិនទាន់ចេញជាសញ្ញាទាល់តែកូន​អ្នកមានអាយុបាន២ថ្ងៃរឺយូរជាងនេះ​។

នៅតាមមន្ទីពេទ្យខ្លះ មិនថាពេលណាអ្នកចេញពីពេទ្យក៏ដោយអ្នកក៏ត្រូវត្រលប់មកវិញដើម្បី ធ្វើតេស្តកូនអ្នកម្តងទៀតនៅពេលដែលគេមានអាយុ២អាទិត្យដើម្បីបញ្ជាក់ថាគ្មានបញ្ហាអ្វីនោះទេ។

បើសិនជាអ្នកសំរាលកូននៅតាមផ្ទះ ដូចនេះអ្នកគួរយកកូនទៅពេទ្យតាមតំបន់ គ្លីនិក​ រឺមណ្ឌលសុខភាពនៅថ្ងៃដែលកូនអ្នកកើតដំបូង ដើម្បីយកឈាមទៅពិនិត្យ ល្អបំផុតគឺអ្នកគួរយកទៅនៅថ្ងៃទី២រឺទី៣ តែមិនអោយលើសពី១     សប្តាហ៏នោះទេ។

បើសិនជាគ្រូពេទ្យអ្នកមិនអោយតារាងពីការធ្វើតេស្តកូនអ្នកនោះទេ សូមចូលមើល

http://www.babysfirstterst.org/newborn-screening/states សំរាប់ជាសេចក្តីណែនាំដែលចេញដោយច្បាប់នៅសហរដ្ឋអាមេរិកលើការធ្វើតេស្តទារក។

b. ទុកសត្វចិញ្ចឹមរបស់អ្នកអោយនៅឆ្ងាយពីកូន

ជាធម្មតាវាមិនមានបញ្ហាអ្វីទេ ដែលអនុញ្ញាតអោយសត្វចិញ្ចឹមរបស់អ្នកនៅក្បែរកូនអ្នកដរាបណាវាជាសត្វដែលស្តាប់បង្គាប់ ហើយអ្នកនៅក្បែរវាដើម្បីត្រួតពីលើជានិច្ច។​ វាជារឿងសាមញ្ញ ​​ សំរាប់សត្វចិញ្ចឹមដែលធ្លាប់តែជាចំណាប់អារម្មណ៍របស់គ្រួសារ ចាប់ផ្តើមមានច្រណែនជាមួយនិងកូនរបស់អ្នក។

អ្នកគួរតែអនុញ្ញាត្តិអោយសត្វចិញ្ចឹមរបស់អ្នក បន្សាំជាមួយនឹងសមាជិកថ្មីនៅពេលមានអ្នកនៅជាមួយ​។ ដោយអ្នកនៅតែបន្តការយកចិត្តទុកដាក់ជាមួយវាទាំងពេលកូនអ្នកនៅ និងនៅពេលកូនអ្នកមិននៅក្បែរវានឹងធ្វើអោយការច្រណែនមានការថយចុះ។ បើសិនជាវាចេញកាយវិការកាចសាហាវទៅលើកូនអ្នក នោះអ្នកត្រូវតែប្រដៅវាភ្លាមៗ នោះវានឹងយល់ដឹងថាអ្វីដែលគួរធ្វើនៅពេលវានៅជាមួយក្មេង។ បើសិនជាវាមិនស្តាប់បង្គាប់ អ្នកគួរតែសុំជំនួយពី​អ្នកជំនាញខាងបង្វិកសត្វ។ គេមិនអនុញ្ញាត្តិអោយសត្វឆ្មារឺឆ្កែ​លិទ្ធមុខនោះទេ នៅពេលដែលកូនអ្នកនៅតូច ព្រោះវាអាចចំលងមេរោគចូលទៅក្នុងមាត់រឺភ្នែករបស់កូន ក្មេងបាន។ ហើយពេលដែលកូនអ្នកចាប់ផ្តើមធំធាត់ នោះប្រព័ន្ធភាពស៊ាំរបស់គេខ្លាំងជាងមុន ដូច្នេះគេអាចលេងជាមួយ ឬលិទ្ធជាមួយដោយគ្មានបញ្ហាអ្វីទាំង   អស់។

c. បា្រប់អ្នកទាំងអស់គ្នាថា​ត្រូវលាងដៃមុននឹងប៉ះកូនអ្នក

វាជាគំនិតល្អមួយ ព្រោះទារកដែលទើបនឹងកើតហើយមានសុខភាពល្អមិនមែនចាំបាច់ត្រូវតែនៅអោយឆ្ងាយពីមនុស្សគ្រប់គ្នានោះទេ។ គ្រាន់តែ វាងាយនឹងឆ្លងបាក់តេរី រឺ វីរុសផ្សេងៗ ដូច្នេះជាវិធីល្អគួរតែទុកគេអោយនៅឆ្ងាយពីអ្នកមានដែលជំងឺ។ អ្នកគួរតែជៀសវាង យកកូនអ្នកទៅបង្ហាញចំពោះអ្នកណាដែលមានរោគសញ្ញាផ្តាសសាយ ដូចជា ក្អក កណ្តាស់ ហៀរសំបោរ រឺក្តៅខ្លួនជាដើម។ហើយបើសិនជាគាត់មិនដឹងថាខ្លួនគាត់ឈឺនិងអាចចំលងមេរោគបាន នោះវាពិតជាសមរម្យបំផុតដែលសុំអោយគាត់លាងដៃមុនពេលកាន់​រឺប៉ះកូនអ្នក។ ប៉ុន្តែបើទោះជាគាត់មិនមានរោគសញ្ញាអ្វីក៏ដោយ ក៏គាត់មិនច្បាស់ថាគាត់មិនបានប៉ះជាមួយអ្នកជំងឺដែរ។ វីរុសខ្លះអាចរស់នៅលើសពី៨ម៉ោងនៅក្រៅរាងកាយរបស់មនុស្ស។

d. ពេលណាដែលអ្នកគួរយកកូនអ្នកចេញដើរលេងៈ

មាតាបិតាជាច្រើនគាត់មានការព្រួយបារម្ភ ក្នុងការយកកូនក្មេងតូចៗរបស់គាត់ចេញដើរលេងនៅខាងក្រៅ។ ជាការពិតណាស់នៅតាមប្រពៃណីវប្បធម៌នៃប្រទេសខ្លះ គេមិនអនុញ្ញាតិអោយម្តាយ និងកូនចេញពីផ្ទះប្រហែលរយៈពេល១ខែរឺយូរជាងនេះ។ ប៉ុន្តែគ្មានមូលហេតុវេជ្ជសាស្រ្តណា ដែលហាមមិនអោយយកក្មេង​ដែលមានសុខភាពល្អចេញមកក្រៅនោះទេ។​ ការស្រូបយកខ្យល់អាកាសបរិសុទ្ធនិងការផ្លាស់ប្តូរបរិយាកាសជុំវិញអាចជាផលល្អសំរាប់មនុស្សគ្រប់វ័យ ជាពិសេសសំរាប់កូនក្មេង។ ប៉ុន្តែវាក៏អាចអោយកូនអ្នកឈឺដែរ នៅពេលដែលគេជួបជា មួយមនុស្សច្រើន ដូច្នេះដើម្បីចៀសវាងការឆ្លងមេរោគទៅកូនអ្នក អ្នកគួរតែកំណត់ទីតាំងដែលត្រូវនាំកូនចេញទៅក្រៅ។ ហើយត្រូវចាំថាអ្នកណាក៏ដោយបើចង់ប៉ះកូនអ្នក គួរតែលាងដៃជាមុនសិន។ ​ ជាចុងបពា្ចប់ អ្នកគួរនៅឆ្ងាយពីអ្នកណាដែលមានជំងឺ។​

នៅពេលដែលកូនអ្នកចាប់ផ្តើមធំធាត់ គេនិងចេះចាប់អារម្មណ៍របស់នៅខាងក្រៅដូចជា ទេសភាព សំលេង និងក្លិនជាដើម ដូច្នេះអ្នកគួរចំណាយពេលវេលាដើរលេងអោយបានច្រើន។ ក្រោយ​ពេលដែលបញ្ចុកចំណីនិងប្តូរខោ កន្ទបរួច​វាជាពេលវេលាល្អសំរាប់គេង ដោយសារគេមាន​អារម្មណ៍ល្អស្រាប់។ បើសិនជាអ្នកមានបំណងយកក្មេងចេញ​ដើរលេងយូរជាង១ម៉ោង(ដែលលើសម៉ោងគេងរឺពេលញុំាចំណី) នោះអ្នកគួរតែរៀបចំអោយហើយ ដូចជា ខោកន្ទប ខោអាវផ្លាស់ប្តូរ និងចំណីអាហារបន្ថែមបើសិនជាត្រូវការ។​

ស្លៀកពាក់កូនអ្នកអោយបានត្រឹមត្រូវមុននឹងយកគេចេញទៅក្រៅ បើសិនជាអាកាសធាតុត្រជាក់ ត្រូវពាក់មួក ពាក់ស្រោមជើងនិងស្រោមដៃផងដែរ។​ ត្រូវស្លៀកពាក់កូនអ្ន​កអោយដូចមនុស្សធំស្លៀកពាក់ដែរ ហើយអ្នកអាចបន្ថែមភួយរឺអាវធំក្រៅមួយទៀតក៏បាន។ អ្នកមិនត្រូវអោយគេនៅក្រោមពន្លឺថ្ងៃរឺពាក់អាវស្តើងពេកនោះទេ។

ត្រូវប្រយ័ត្នជាមួយសីតុណ្ហភាពខ្លាំង។ វាអាស្រ័យទៅលើអាយុកូនរបស់អ្នកហើយនិងសីតុណ្ហភាពដែលនៅក្នុងតំបន់អ្នក សីតុណ្ហភាព២០ដឺក្រេប្រហែលជាត្រជាក់ពេក រីឯសីតុណ្ហភាព៩០ដឺក្រេប្រហែលជាក្តៅពេកសំរាប់កូនអ្នកក្នុងការចេញទៅលេងខាងក្រៅ។

e. ការគេងរបស់ទារកដែលទើបនឹងកើត

ទារកដែលទើបនឹងកើតគឺគេងច្រើន ជាទូទៅគឺពី១៦ទៅ១៧ម៉ោងក្នុង១ថ្ងៃ។ ប៉ុន្តែទារក​ខ្លះមិនគេងលក់លើសពី២-៤ម៉ោងក្នុង១ពេលទាំងពេលថ្ងៃនិងពេលយប់ក្នុងអំឡុងពេលប៉ុន្មានសបា្តហ៏ដំបូងនៃជីវិតរបស់ពួកគេ ដែលជាលទ្ធផលវាធ្វើអោយអ្នកមានការហត់នឿយ។ ​ការងាររបស់អ្នកគឺជាការឆ្លើយតបទៅនឹងការអោយសញ្ញារបស់កូនអ្នក​ ដូច្នេះអ្នកប្រហែលជាត្រូវងើបច្រើនដងក្នុង១យប់ដើម្បីផ្លាស់កន្ទប បំបៅដោះនិងបំពេរគេអោយគេងទៅវិញ។​ រយៈពេលគេងរបស់កូនក្មេងវាមានរយៈពេលខ្លីជាងមនុស្សធំ ហើយកូនក្មេងប្រើប្រាស់ពេលវេលាច្រើនក្នុង rapid eye movement (REM) sleep ដែលគេគិតថា​វាចាំបាច់ក្នុងការវិវិត្តដែលមានលក្ខណៈពិសេសហើយកើតមានឡើងក្នុងខួរក្បាលរបស់ពួកគេ។​ REM sleep មានលក្ខណៈស្រាលជាងNon REM sleep ហើយមានភាពងាយស្រួលក្នុងការបំបាក់។

ការផ្លាស់ប្តូរទាំងអស់នេះ គឺជាដំណាក់កាលចាំបាច់សំរាប់កូនអ្នក ហើយវាមិនមានរយៈ ពេលយូរទេ បើទោះបីអ្នកមានអារម្មណ៍ថា​ វាយូរនៅពេលដែលអ្នកពិបាកគេង។

នៅពេលកូនមានអាយុ៦ទៅ៨សបា្តហ៍ ទារកភាគច្រើនចាប់ផ្តើមគេងតិចពេលថ្ងៃនិង​គេងយូរពេលយប់ ថ្វីបើក្មេងខ្លះនៅតែបន្តភ្ញាក់ឡើងញុំាទឹកដោះពេលយប់ តែពួកគេក៏មាន​ REM sleepរយៈពេលខ្លី​ និងNon REM sleepរយៈពេលវែងដែរ។

នៅចន្លោះ៤ទៅ៦ខែ អ្នកជំនាញគាត់និយាយថា ទារកភាគច្រើនអាចគេងលក់រហូតពី​៨ម៉ោងទៅ១២ម៉ោងក្នុងពេលយប់ ហើយទារកខ្លះចាប់ផ្តើមគេងលក់រហូតតាំងពីគេមានអាយុ៨សបា្តហ៍មកម្លេះ ប៉ុន្តែទារកខ្លះទៀតនៅតែបន្តការគេងភ្ញាក់រហូតដល់គេមានអាយុ២ទៅ៣ឆ្នាំឯណោះ។បើសិននេះជាបំណងរបស់អ្នក នោះអ្នកអាច​ជួយគេអោយឆាប់ឈានចូលដល់ដំណាក់កាលនេះ ដោយការបង្រៀនអោយគេមានទំលាប់គេងលក់ស្រួលតាំងពីដំបូង។

f. បង្កើតអោយកូនមានទំលាប់គេងលក់ស្រួល

ខាងក្រោមនេះជាជំនួយខ្លះៗ សំរាប់ជួយអោយកូនអ្នកគេងលក់ស្រួល

ត្រូវរៀនស្គាល់ពីសញ្ញាដែលបញ្ជាក់ថា កូនអ្នកអស់កំលាំង

សំរាប់ពី៦ទៅ៨សបា្តហ៍ដំបូង ទារកខ្លះមិនអាចនៅយូរជាង២ម៉ោងក្នុង១ដងនោះទេ បើ​សិនជាអ្នកដាក់អោយគេគេងយូរជាងនេះ នោះគេប្រហែលជាអាចអស់កំលាំងខ្លាំងនិងអាចមានការពិបាកក្នុងការអោយគេគេង។ ដូច្នេះអ្នកគួរកត់សំគាល់សញ្ញាខ្លះៗដែលបញ្ជាក់ថាកូនអ្នកងងុយគេង។ តើគេមានញីភ្នែករឺអត់ ទាញត្រចៀករឺអត់​ រឺក៏មានលក្ខណៈកាចជាងធម្មតារឺអត់? បើសិនជាអ្នកកត់សំគាល់ថាមានសញ្ញាខាងលើនេះ រឺសញ្ញាផ្សេងទៀតដែលបញ្ជាក់ពីការងងុយគេងនោះអ្នកគួរព្យាយាមបំពេរគេអោយគេង។​

អ្នកនឹងចាប់ផ្តើមលូតលាស់ញាណទី៦ អំពីចង្វាក់នៃសកម្មភាពប្រចាំថ្ងៃរបស់កូនអ្នក ហើយអ្នកនឹងដឹងដោយឯកឯងថាពេលណាកូនអ្នកងងុយគេងនោះ។

ចាប់ផ្តើមបង្រៀនកូនអ្នក អោយស្គាល់ពីភាពខុសគ្នារវាងថ្ងៃនិងយប់ៈ

ទារកខ្លះគឹជាសត្វទីទុយពេលយប់(អ្នកអាចមានតំរុយខ្លះក្នុងពេលមានផ្ទៃពោះ)​ហើយនឹងមិនងងុយទាល់តែសោះស្របពេលជាមួយដែលអ្នកចង់តែគេង។ សំរាប់២​​ទៅ៣ថ្ងៃដំបូងអ្នក មិនអាចធ្វើអ្វីបានទាំងអស់ ប៉ុន្តែពេលដែលគេចូលដល់អាយុ២អាទិត្យ អ្នកអាចចាប់ផ្តើមបង្រៀន គេអោយចេះបែងចែកពេលថ្ងៃនិងពេលយប់។​ ដោយនៅពេលដែលគេភ្ញាក់ពេលថ្ងៃ អ្នកគួររំខានគេតាមដែលអ្នកអាចធ្វើទៅបានដោយការបើកភ្លើងបន្ទប់រឺផ្ទះអោយភ្លឺ ហើយមិនចាំបាច់បន្ថយសំលេងទូរស័ព្ទ បទចំរៀងរឺម៉ាស៊ីនបោកខោអាវនោះទេ។ បើសិនជាគេគេងពេលបំបៅដោះ អ្នកត្រូវដាស់គេអោយភ្ញាក់មកវិញ។ នៅពេលយប់កុំប្រលែងលេងជាមួយគេពេលដែលគេភ្ញាក់ ហើយបន្ថយភ្លើងនិងសំលេង នឹងកុំនិយាយលេងជាមួយគេច្រើនពេក នោះគេនឹងចាប់ផ្តើមយល់ថាពេលយប់គឺជាពេលដែលត្រូវគេង។

g. ចាប់ផ្តើមរៀបម៉ោងគេងអោយក្លាយជាទំលាប់

វាមិនមែនជារឿងលឿនពេកទេ ក្នុងការរៀបចំម៉ោងគេងកូនអ្នកអោយទៅជាទំលាប់។ វាអាចជារឿងមួយដែលសាមញ្ញដូចជា ការផ្លាស់ប្តូរកន្លែងគេង ការច្រៀងបំពេរនិងការថើបមុន​ចូលគេងជាដើម។

អ្នកគួរទុកឱកាសអោយគេគេងលក់ដោយខ្លួនឯង

ពេលដែលកូនអ្នកឈានចូលដល់អាយុ៦ទៅ៨សបា្តហ៏ នោះអ្នកអាចចាប់ផ្តើមផ្តល់ឱកាសអោយ​ គេគេងលក់ដោយខ្លួនឯង។ តើត្រូវធ្វើដោយរបៀបណា?​ បើតាមការណែនាំរបស់ Jodi Mindell ដែលជានាយករងរបស់មន្ទីរពេទ្យកុមារផ្នែកវិបត្តិក្នុងការគេងនៅរដ្ឋPhiladelphiaនិងជាអ្នកនិពន្ធរបស់អត្ថបទមួយក្រោមចំណងជើងថា ការគេងនៅពេលយប់​ (Sleeping through the night)​ បានមានប្រសាសន៏ថា​ អ្នកគួរតែដាក់អោយគេគេងបើសិនជាគេងងុយតែនៅបើកភ្នែក។ Mindell គាត់ប្រឆាំងមិនអោយមានការបំពេររឺការបំបៅដោះ ដើម្បី ​អោយកូនគេង នោះទេ ទោះបីក្មេងនៅមានអាយុតិចក៏ដោយ។ គាត់និយាយថា‌‌‍‍‌​​ មាតាបិតាគាត់គិតថា​អ្វីដែលពួកគេធ្វើវាមិនផ្តល់ផលអ្វីនោះទេ ប៉ុន្តែតាមពិតវាពិតជាផ្តល់ផល ព្រោះទារកកំពុងតែរៀនពីទំលាប់នៃការគេង។​ បើសិនជាអ្នកបំពេរកូនអ្នកជារៀងរាល់យប់ក្នុងអំឡុងពេល៨អាទិត្យដំបូង តើគេអាចនឹងរំពឹងអ្វីផ្សេងទៀតនៅពេលក្រោយដែររឺអត់?

មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែយល់ព្រមជាមួយយុទ្ធសាស្រ្តនេះទេ ឪពុកម្តាយខ្លះគាត់នៅតែជ្រើសយកការបំពេររឺការបំបៅដោះកូន ដើម្បីអោយកូនគាត់គេង ព្រោះពួកគាត់គិតថាវាជារឿង​​​​​ធម្មតានិងជាលក្ខណៈធម្មជាតិទៅហើយ ម្យ៉ាងទៀតពួកគាត់ចូលចិត្តធ្វើវា រឺក៏ការធ្វើបែបនេះធ្វើអោយកូនគាត់ឆាប់គេងលក់ស្រួល។ ឪពុកម្តាយទាំងអស់នេះគាត់នឹងងើបជាមួយកូនគាត់ច្រើនដងក្នុងមួយយប់ ដើម្បីជួយបំពេរគេអោយគេងទៅវិញ។

Comments

Recommend to friends
  • gplus
  • pinterest