Baby Blues
បញ្ហាសុខភាពផ្លូវចិត្តខ្លះវាកើតឡើង ដោយលក្ខណៈធម្មជាតិ រឺ គ្រោងទុកនៅក្រោយពេលសំរាលកូន។ យ៉ាងហោចណាស់មាន៦០ទៅ៨០ភាគរយនៃស្ត្រីជាម្តាយដែលអាចរងគ្រោះជំងឺ Baby Blue ដែលជាជំងឺបាក់ទឹកចិត្តកំរិតស្រាល ហើយកើតឡើងក្រោយថ្ងៃសំរាលពី២ ទៅ ៣ ថ្ងៃរឺ១អាទិត្យ និងបាត់ទៅវិញនៅក្នុងអំឡុងពេល២ សប្តាហ៍។
ស្រ្តីជាម្តាយដែលមានជំងឺ Baby Blue គាត់អាចស្តែងចេញជាការយំយែកសោកសង្រែង ការថប់អារម្មណ៍ មួរម៉ៅ ហើយនឹងពិបាកក្នុងការគេង។ ស្រ្តីខ្លះគាត់អាចមានអារម្មណ៍ ធូរស្រាលឡើងវិញ បន្ទាប់ពីគាត់បានសំរាកច្រើន ដោយមានគេជួយមើលកូន រឺក៏បន្ទាប់ពីគាត់យំ អោយអស់ចិត្តគាត់។
ជំងឺបាក់ទឹកចិត្តក្រោយសំរាលកូន៖
បើសិនជារោគសញ្ញាទាំងនេះវាមិនបាត់ក្រោយរយៈពេល២អាទិត្យនោះទេ វានិងអាចក្លាយទៅជាជំងឺបាក់ទឹកចិត្តក្រោយសំរាលកូន(PPD)។ ពី១០ ទៅ ២០ភាគរយនៃស្រ្តីជាម្តាយ អាចវិវត្តទៅរកជំងឺបាក់ទឹកចិត្ត ដែលវាមានរយៈពេលពី២ អាទិត្យ ទៅ ១ ឆ្នាំ។ ការធ្លាក់ចុះនៃកំរិតអ័រម៉ូនភ្លាមៗក្រោយសំរាលកូន ក៏អាចជាមូលហេតុមួយផងដែរ ។ ម្យ៉ាងវិញទៀត ការផ្លាស់ប្តូរភ្លាមៗនូវអារម្មណ៍នៅពេលសំរាលកូនជាមួយនិងអារម្មណ៍ដែលជិតក្លាយជាឪពុកម្តាយរបស់គេ លាយឡំជាមួយនិងទំនួលខុសត្រូវជាច្រើន បានធ្វើអោយគាត់មានជំងឺបាក់ទឹកចិត្តក្រោយសំរាលកូន។
តើខ្ញុំអាចប្រឈមមុខជាមួយជំងឺ PPD ដែររឺទេ ?
ស្រ្តីខ្លះគាត់អាចរងការប៉ះទង្កិចជាមួយជំងឺPPDខ្ពស់ជាងស្រ្តីផ្សេងៗទៀត ។ កត្តា រឺ ល័ក្ខខណ្ឌដែលធ្វើអោយអ្នកអាចប្រឈមមុខខ្ពស់ជាមួយជំងឺ PPD មានដូចជា៖
- អ្នក រឺ សមាជិកគ្រួសារអ្នកមានប្រវត្តិជំងឺបាក់ទឹកចិត្ត ជំងឺថប់បារម្មណ៍ រឺក៏ក្នុងអំឡុងពេលមានផ្ទៃពោះអ្នកមានបញ្ហាបាក់ទឹកចិត្ត។ ប្រហែលពាក់កណ្តាលនៃស្រ្តីដែលមានបញ្ហាផ្លូវចិត្តក្នុងអំឡុងពេលមានផ្ទៃពោះគាត់និងអាចវិវត្តទៅរកជំងឺ PPD ។
- ការមានផ្ទៃពោះដោយមិនបានគ្រោងទុក
- ដៃគូអ្នកមិនគាំទ្រគំនិតរបស់អ្នក
- អ្នកមានបញ្ហាជាមួយនិងថវិកា
- អ្នកមានបញ្ហាជាមួយការលែងលះ រឺ ការរស់នៅបែកគ្នាថ្មីៗនេះ
- អ្នកឆ្លងកាត់បញ្ហាជិវិតដ៏ធំមួយដូចជា ការបាត់បង់ការងារក្នុងអំឡុងពេលអ្នកមានផ្ទៃពោះ
- អ្នកមានជំងឺរ៉ាំរ៉ៃទាក់ទងជាមួយនិងវដ្តរដូវ
- អ្នកមានផលវិបាកទាក់ទងជាមួយនិងបញ្ហារោគស្រ្តី
- អ្នកមានវិបត្តិផ្លូវចិត្តតាំងពីកុមារភាព ដូចជាមានប្រវិត្តប្រមាថ ការរំលោភបំពាន រឺក៏មានគ្រួសារមិនពេញលក្ខណៈ។
ចងចាំថាៈ បើទោះបីជាកត្តាទាំងអស់នេះ វាអាចប្រឈមមុខទៅនិងការវិវត្តទៅរក ជំងឺPPDក៏ដោយ ក៏ប៉ុន្តែស្រ្តីភាគច្រើនដែលគាត់មានកត្តាខាងលើ ក៏មិនប្រាកដថាគាត់វិវត្តទៅរកជំងឺPPDដែរ។ ចំណែកឯស្រ្តីខ្លះទៀតគាត់មានតែមួយចំនុចរឺគ្មានសោះនូវចំណុចខាងលើតែគាត់បែរជាមានជំងឺបាក់ទឹកចិត្តទៅវិញ។
តើត្រូវធ្វើដូចម្តេចទើបដឹងថាខ្ញុំមានជំងឺ PPD?
អ្នកផ្តល់សេវាសុខភាព តែម្នាក់គត់ដែលអ្នកបញ្ជាក់បានថាអ្នកមានជំងឺPPD រឺអត់ ប៉ុន្តែអ្នកក៏អាចកត់សំគាល់សញ្ញាខ្លះៗ បានដោយខ្លួនឯងដែរ។ ទាំងអស់នេះជាអ្វីដែលអ្នកគួរតែដឹង៖
- មានការពិបាកក្នុងការគេង
- មានអារម្មណ៍សោកសៅ រឺ យំសោកសង្រែងពេញមួយថ្ងៃ
- មានអារម្មណ៍បាត់បង់ចំណង់ចំណូលចិត្តរាល់សកម្មភាព
- ពិបាកក្នុងការផ្ចង់អារម្មណ៍
- មិនសូវឃ្លាន
- ថប់អារម្មណ៍
- មានអារម្មណ៍មួរម៉ៅច្រើន
- មានអារម្មណ៍ស្តីបន្ទោសអោយខ្លួងឯង
- ភ័យស្លន់ស្លោរ(រោគសញ្ញារួមផ្សំមានដូចជា បេះដូងដើរញាប់ វិលមុខ ច្របូកច្របល់ មានអារម្មណ៍ថាមានហេតុការណ៍អាក្រក់អ្វីមួយជិតកើតឡើង)។
- មានគំនិតចង់សំលាប់ខ្លួន
ម្តាយជាច្រើនគាត់មានអារម្មណ៍សោកសៅ និងថប់បារម្មណ៍ក្នុងអំឡុងពេលប៉ុន្មានខែដំបូងក្រោយពីសំរាលកូន។ ប៉ុន្តែបើសិនជាអ្នកយំពេញមួយថ្ងៃ ហើយរយៈពេល ៣ទៅ៤ថ្ងៃជាប់ៗគ្នា រឺក៏អ្នកមានអារម្មណ៍ថានិងមានរឿងអាក្រក់មួយកើតឡើង នោះអ្នកគួរតែផ្តល់ដំណឹងដល់គ្រូពេទ្យអ្នកជាបន្ទាន់ ។
តើខ្ញុំគួរធ្វើដូចម្តេចដើម្បីជៀសវៀងពីជំងឺ PPD ?
បើសិនជាអ្នកមានបញ្ហាផ្លូវចិត្ត រឺជំងឺថប់បារម្មណ៍ក្នុងអំឡុងពេលមានផ្ទៃពោះ នោះអ្នកគួរតែធ្វើការព្យាបាលអោយទាន់ពេលវេលាដើម្បីកាត់បន្ថយឱកាសនៃការវិវត្តទៅរកជំងឺPPD។ ខាងក្រោមនេះជាយុទ្ធសាស្រ្តខ្លះៗដែលអាចធ្វើបាន៖
- ត្រូវធ្វើការថែរក្សាខ្លួន អោយក្លាយទៅជាទំលាប់ ដោយចេះរៀបចំផែនការសំរាប់ សំរាកនៅពេលដែលមានកូន។
- ពិភាក្សាជាមួយដៃគូរអ្នកដើម្បីបែងចែកកិច្ចការងារផ្ទះ និង ទំនួលខុសត្រូវក្នុងការថែរក្សាកូន។
- ចាប់ផ្តើមបង្កើតទំនាក់ទំនង (ជាមួយមិត្តភក្តិ សមាជិកគ្រួសារ រឺ ដៃគូរអ្នក) ដើម្បីអោយពួកគេជួយពេលកូនអ្នកចាប់កំណើត។
- ចាប់ផ្តើមសុំជំនួយនូវការ ធ្វើម្ហូប បោសសំអាត រឺក៏មើលថែទាំទារក ដូច្នេះទើបអ្នកអាចមានពេល ងូតទឹក សំរាក រឺក៏ដើរលំហែរកាយបាន។
- កំណត់ព្រំដែនៈ ត្រូវចេះការពារខ្លួនឯងកុំអោយធ្វើការហួសហេតុពេកទាំងពេលមានផ្ទៃពោះនិងក្រោយពេលមានផ្ទៃពោះ ។ ការធ្វើការហួសហេតុ អាចធ្វើអោយអ្នកអស់កំលាំងខ្លាំងដែលអាចអោយអ្នកវិវត្តទៅរកជំងឺPPD ជាជាងការដែលអ្នកបានសំរាកគ្រប់គ្រាន់។